តំបន់ទេសចរណ៍ដ៏ថ្មីសន្លាង និងពិសេសមួយ គឺ WB Arena ដែលគ្រោងនឹងបើកទទួលស្វាគមន៍ភ្ញៀវទេសចរឲ្យចូលកម្សាន្ដ នៅក្នុងខែវិច្ឆិកា ខាងមុខនោះ បានប្រកាសថា ខ្លួននឹងបើកឱកាសសម្រាប់ឲ្យអ្នកចង់ក្លាយជាអាជីវករ អាចមកជួលហាងសម្រាប់លក់ទំនិញ និងផលិតផលផ្សេងៗ នៅក្នុងតំបន់ទេសចរណ៍នេះ នៅថ្ងៃទី២១ ខែសីហានេះ។
បើតាមអ្នកគ្រប់គ្រងគម្រោង តំបន់ទេសចរណ៍ថ្មី WB Arena បានអះអាងប្រាប់ខេមបូណូមីសថា តំបន់ដែលកំពុងសាងសង់ឡើងនេះ មានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ចម្ងាយប្រមាណតែជាង ២គីឡូម៉ែត្រប៉ុណ្ណោះ ពីស្ពានអាកាសព្រះមុនីវង្ស។
លក្ខណៈពិសេសរបស់តំបន់ទេសចរណ៍ប្លែកភ្នែក WB Arena នេះ គឺមានបរិយាកាសស្រស់ស្រាយ បែបធម្មជាតិពិតៗទាំងអាហារដែលដាក់លក់ដូរនៅទីនោះ និងដំណើរកម្សាន្ដបែបជិះទូកតាមដងទន្លេគយគន់សម្រស់រាជធានីភ្នំពេញ។